ការណែនាំទៅរកការជួបជុំដែលកាន់តែមានសុវត្ថិភាពក្នុងសម័យកូវីដ-19

Multilingual Resources

មិនថាបានចាក់វ៉ាក់សាំងឬអត់នោះទេ ប្រសិនបើអ្នកមានគម្រោងជួបជុំជាមួយមិត្តភក្តិ និងគ្រួសារក្នុងរដូវរងានេះ សូមគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីជួយការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកឱ្យមានសុវត្ថិភាពពីជំងឺកូវីដ-19។

ការចាក់វ៉ាក់សាំងគឺជាវិធីសុវត្ថិភាពបំផុតដើម្បីការពារខ្លួនអ្នក និងមនុស្សដែលនៅជុំវិញអ្នក ជាពិសេសអ្នកដែលមិនទាន់មានសិទ្ធិទទួលបានវ៉ាក់សាំង។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការជំងឺធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តជួបជុំគ្នា មិនថាបានចាក់វ៉ាក់សាំងឬអត់នោះទេ វាមានហានិភ័យបង្កការរីករាលដាលនៃជំងឺកូវីដ-19។ ការចាក់វ៉ាក់សាំង ការពាក់ម៉ាស់ ការលាងដៃ និងការនៅផ្ទះប្រសិនបើអ្នកឈឺ សុទ្ធតែជាជំហានដែលអ្នកអាចអនុវត្តបានដើម្បីការពារអ្នកដទៃ។

ការជួបជុំជាសាធារណៈ

ជាទូទៅ ប្រសិនបើជួបជុំជាសាធារណៈឥឡូវនេះ៖

  • ការចាក់វ៉ាក់សាំង គឺជាវិធីល្អបំផុតដើម្បីការពារខ្លួនអ្នកពីជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យ ឬការស្លាប់ដោយសារជំងឺកូវីដ-19។
  • ពាក់ម៉ាស់ មិនថាបានចាក់វ៉ាក់សាំងឬអត់នោះទេ អ្នកដែលមានអាយុចាប់ពីប្រាំឆ្នាំឡើងទៅត្រូវបានតម្រូវឱ្យពាក់ក្រណាត់បិទមុខ តាមគ្រប់កន្លែងសាធារណៈក្នុងអគារ និងតាមព្រឹត្តិការណ៍ខាងក្រៅអគារដែលមានមនុស្សចាប់ពី 500 នាក់ឡើងទៅ ដូចជាព្រឹត្តិការណ៍កីឡា ឬការប្រគុំតន្ត្រី។ យើងសូមផ្ដល់អនុសាសន៍យ៉ាងមុតមាំថាកុមារដែលមានអាយុចន្លោះពី 2 ទៅ 4 ឆ្នាំក៏ត្រូវពាក់ម៉ាស់ដែរ។
  • នៅផ្ទះ ប្រសិនបើអ្នកឈឺ ឬមានរោគសញ្ញាណាមួយ។
  • រៀបចំផែនការជាមុន បើកបរដោយខ្លួនឯង ឬរកមធ្យោបាយផ្សេងដើម្បីទៅផ្ទះក្នុងករណីដែលអ្នកឃើញថាខ្លួនឯងស្ថិតនៅកន្លែងមិនស្រួល ឬគ្មានសុវត្ថិភាព ដូចជាបារនីយដ្ឋានដែលមានមនុស្សច្រើនមិនពាក់ម៉ាស់។

ការជួបជុំលក្ខណៈឯកជន

មុននឹងអ្នករៀបចំកម្មវិធីជួបជុំគ្នា

  • ពិនិត្យបញ្ជីឈ្មោះភ្ញៀវរបស់អ្នក គិតគូរអំពីអ្នកដែលអ្នកនឹងអញ្ជើញ។ តើមានអ្នកដែលអាចមានហានិភ័យខ្ពស់នឹងជំងឺកូវីដ-19 រួមមានក្មេងៗដែលមិនទាន់មានសិទ្ធិទទួលវ៉ាក់សាំងឬទេ? តើអ្នកដឹងទេថាភ្ញៀវរបស់អ្នកបានចាក់វ៉ាក់សាំងឬអត់ដែរទេ? ប្រសិនបើអ្នកមិនដឹង វាជាការសំខាន់ដែលត្រូវសួរ ដើម្បីឱ្យអ្នកអាចរៀបចំផែនការឱ្យបានសមស្រប។
  • រៀបចំផែនការជាមុន ប្រសិនបើមានគ្រួសារច្រើនដែលមិនបានចាក់វ៉ាក់សាំង ឬមានគ្រួសារណាមួយដែលមានមនុស្សមិនបានចាក់វ៉ាក់សាំងដែលមានហានិភ័យខ្ពស់នឹងជំងឺកូវីដ-19 ធ្ងន់ធ្ងរ ជម្រើសដែលសុវត្ថិភាពបំផុតគឺជួបជុំគ្នាតាមបែបនិម្មិត។ ប្រសិនបើអ្នកសម្រេចចិត្តជួបជុំគ្នាដោយផ្ទាល់ សូមច្បាស់លាស់ជាមួយមិត្តភក្តិ និងក្រុមគ្រួសារអំពីរបៀបដែលអ្នកនឹងយកសុវត្ថិភាពជាអាទិភាពនៅពេលចំណាយពេលជាមួយគ្នា។
  • ធ្វើដំណើរដោយសុវត្ថិភាព ប្រសិនបើអ្នកគ្រោងនឹងធ្វើដំណើរទៅជួបជុំគ្រួសារ ឬមិត្តភក្តិ សូមធ្វើតាមការណែនាំអំពីការធ្វើដំណើររបស់ CDC។ សូមប្រុងប្រយ័ត្ន បើសិនជាអ្នកកំពុងធ្វើដំណើរទៅតំបន់មួយដែលមានការឆ្លងជំងឺកូវីដ-19 ខ្ពស់ អ្នកនឹងត្រូវប្រុងប្រយ័ត្នបន្ថែមជាមួយនឹងការពាក់ម៉ាស់ និងការនៅចម្ងាយ 6 ហ្វ៊ីត (2 ម៉ែត្រ) ពីគ្នានៅទីសាធារណៈ។
  • ធ្វើវានៅខាងក្រៅផ្ទះ ការជួបជុំនៅក្រៅផ្ទះគឺមានសុវត្ថិភាពជាងច្រើនធៀបនឹងការជួបជុំនៅខាងក្នុងផ្ទះ។ ប្រសិនបើអ្នកត្រូវតែនៅក្នុងផ្ទះ ចូរជ្រើសរើសទីតាំងដែលមានខ្យល់ចេញចូលល្អ ដូចជាបន្ទប់ដែលមានបង្អួចបើកចំហ។
  • ធ្វើជាលក្ខណៈតូចតាច នៅពេលជួបជុំនៅខាងក្រៅផ្ទះរបស់អ្នក នោះធ្វើកាន់តែតូចតាចកាន់តែល្អ។
  • ធ្វើក្នុងរយៈពេលខ្លី  ពេលវេលាកាន់តែខ្លី ជំងឺកូវីដ-19 កាន់តែមានឱកាសតិចក្នុងការរីករាលដាល។ ការជួបជុំរយៈពេលកាន់តែខ្លីក៏ធ្វើឱ្យកាន់តែងាយស្រួលក្នុងការរក្សាឱ្យដៃ និងផ្ទៃផ្សេងៗមានអនាម័យល្អផងដែរ។
  • គិតគូរដល់ក្មេងៗ ក្មេងៗអាចមានបញ្ហាក្នុងការរក្សាចម្ងាយប្រាំមួយហ្វ៊ីតពីគ្នា ដូច្នេះការពាក់ម៉ាស់ និងការលាងដៃគឺជាការសំខាន់។ ចូរចងចាំ៖ ក្មេងៗដែលមានអាយុក្រោម 2 ឆ្នាំមិនគួរពាក់ម៉ាស់ទេ! ប្រសិនបើសមាជិកគ្រួសាររបស់អ្នកមានអាយុក្រោម 2 ឆ្នាំ ឬមិនអាចពាក់ម៉ាស់បាន ត្រូវកាត់បន្ថយការទៅសួរសុខទុក្ខអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬអ្នកដែលយើងមិនដឹងពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ។
  • ពិនិត្យសុខភាព ត្រូវសួរថាតើមានអ្នកណាមានរោគសញ្ញាដូចជា ក្អក ក្ដៅខ្លួន ឬដកដង្ហើមខ្លី ក្នុងរយៈពេល 2 សប្ដាហ៍ចុងក្រោយនេះឬទេ។ ត្រូវស្នើឱ្យភ្ញៀវវាស់កម្ដៅមុនពេលមក។ អ្នកដែលក្ដៅខ្លួន ឬមានរោគសញ្ញាផ្សេងទៀត ឬដឹងខ្លួនថាពួកគេបានប៉ះពាល់ជាមួយអ្នកដែលមានជំងឺកូវីដ-19 ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ គួរតែនៅផ្ទះ។
  • ទៅធ្វើតេស្ត ទោះបានចាក់វ៉ាក់សាំង ឬអត់ក៏ដោយ អ្នកអាចកាត់បន្ថយហានិភ័យនៃការឆ្លងដោយការធ្វើតេស្តរយៈពេល 72 ម៉ោងមុនពេលជួបជុំគ្នា។ ការធ្វើតេស្តនៅផ្ទះអាចត្រូវបានធ្វើឡើងនៅថ្ងៃធ្វើកម្មវិធី។ ទោះបីជាការធ្វើតេស្តចេញមកអវិជ្ជមានក៏ដោយ វាជាការសំខាន់ដែលនៅតែអនុវត្តតាមការប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្សេងទៀតដែលបានចែករំលែកនៅលើទំព័រនេះ។
  • បញ្ចូល WA Notify ក្នុងទូរសព្ទស្មាតហ្វូនរបស់អ្នក វានឹងជូនដំណឹងដល់អ្នក ប្រសិនបើ អ្នកអាចនឹងប៉ះពាល់នឹងជំងឺកូវីដ-19 និងជូនដំណឹងដល់អ្នកដទៃជាលក្ខណៈអនាមិកប្រសិនបើអ្នកធ្វើតេស្តវិជ្ជមាន។ WA Notify គឺមានលក្ខណៈឯកជនទាំងស្រុង ហើយមិនដឹងថាអ្នកជាអ្នកណា ឬតាមដានថាអ្នកទៅទីណាទេ។

ក្នុងអំឡុងពេលជួបជុំគ្នាជាលក្ខណៈឯកជន

  • ពាក់ម៉ាស់ ប្រសិនបើអ្នកកំពុងជួបជុំគ្នាក្នុងផ្ទះជាមួយមនុស្សមកពីខាងក្រៅគ្រួសាររបស់អ្នក យើងសូមណែនាំឲ្យគ្រប់គ្នាពាក់ក្រណាត់បិទមុខ លើកលែងតែអ្នកចូលរួមភាគច្រើនបានចាក់វ៉ាក់សាំងពេញលេញ។ ត្រូវត្រៀមម៉ាសបន្ថែម ក្រែងលោមានអ្នកភ្លេច។
  • លាងដៃ ប្រសិនបើមិនមានផើងលាងដៃ ត្រូវផ្ដល់ទឹកសម្អាតដៃ។
  • ប្រយ័ត្នចំពោះគម្លាត និងរឹតបន្តឹងការប៉ះពាល់ជិតស្និទ្ធ បើអាច ត្រូវរក្សាគម្លាត 6 ហ្វ៊ីតពីគ្នា ជាពិសេសក្នុងចំណោមអ្នកដែលមានហានិភ័យខ្ពស់នឹងជំងឺកូវីដ-19 ធ្ងន់ធ្ងរ ឬអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ។
  • បើកបង្អួច បើកចំហបង្អួចនៅក្នុងបន្ទប់ នៅកន្លែងដែលមនុស្សនឹងជួបជុំគ្នាដើម្បីឱ្យខ្យល់ចេញចូលល្អ។
  • សម្អាត សម្លាប់មេរោគលើផ្ទៃដែលឧស្សាហ៍ប្រើប្រាស់ មុនពេល ក្នុងអំឡុងពេល និងក្រោយពេលជួបជុំ។

បន្ទាប់ពីជួបជុំលក្ខណៈឯកជន

  • លាងដៃ (ម្ដងទៀត) លាងក្នុងរយៈពេល 20 វិនាទី ជាមួយនឹងសាប៊ូ និងទឹក។
  • ធ្វើអនាម័យ សម្អាតរាល់ផ្ទៃទាំងអស់ដែលអាចត្រូវភ្ញៀវប៉ះ ដូចជាផ្ទៃខាងលើតុ តុគិតលុយ ដៃទ្វារ និងគ្រឿងដាក់ភ្ជាប់ក្នុងបន្ទប់ទឹក ជាមួយនឹងសាប៊ូនិងទឹកជាមុន បន្ទាប់មកជាមួយនឹងសារធាតុសម្លាប់មេរោគ។
  • ឃ្លាំមើលរោគសញ្ញា ប្រសិនបើអ្នកចេញរោគសញ្ញាណាមួយ ត្រូវធ្វើតេស្ត។ ផ្ដល់ដំណឹងដល់អ្នកផ្សេងទៀតនៅកន្លែងជួបជុំ ប្រសិនបើមានការធ្វើតេស្តវិជ្ជមានក្នុងចំណោមអ្នកដែលចូលរួម។ ស្វែងយល់បន្ថែមអំពីអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកបានប៉ះពាល់។